Monday, January 15, 2018

រឿងចចក


កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វាតែងតែដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។ ដើរមួយស្របក់ វាបានទៅ​ដល់​ត្រពាំង​មួយដែល​រីង​ទឹក​អស់ នៅ​សល់តែ​ប្រឡង់​ភក់ ដែលមាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​យ៉ាងខ្លាំងដោយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នាគឺជា​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ។ កំពឹស​ឆ្លើយ​ថា «​បង​ចចក​ត្រូវយក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​ នោះ​ទើប​ឆ្ងាញ់​ពិសា» ។ ចចក​ថា «ធ្វើម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉ឹង។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ​ប៉ុន្តែ​ ​បង​ឯង​ត្រូវធ្វើ​តាម​ខ្ញុំ»។ ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​និយាយ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។ កំពឹស​ថា «ធ្វើ​ដូច្នេះ​ ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​ក៏លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំតូច មាន​ដំរី រមាស ​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ ដើម្បីបបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់។ វាបាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ ចំណែក​សត្វ​ឯ​ទៀត​ បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង ​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «ធ្វើ​ដូចម្ដេច​ទើប​ឲ្យ​សត្វ​ទាំងអស់​នេះ​ឈប់​បាច​ទឹក​កាល​នោះ ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា និងចេះ​ជួយដោះ​ទុក្ខ​មនុស្ស​សត្វ​ផង បើ​ដូច្នេះ ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ចេញទៅ ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់។ ដល់​ពេលយប់ ​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា «បង​សុភា​ទន្សាយ សូម​​អាណិត​ខ្ញុំ​ ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មកឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ដោយ​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញាចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​​ណា​កើត​ទុក្ខ ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន។ ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​ នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​។ បើ​ដូច្នេះ សូមបង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ បងនឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ រួចអស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ ឲ្យ​រួចទុក្ខ ​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ​លុះ​ព្រឹក​ព្រហាម​ ទន្សាយឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា «នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។ អស់​សត្វ​ឮ​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ ​ភ័យ​ណាស់​​ ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ រួចស្ទុះ​បោល​ទៅ​ជាន់​លើទំនប់​ពស់​ថ្លាន់​ ​ ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់។ សត្វ​ទាំងនោះ​ក៏ក្លាយ​ទៅ​ជា​ចំណី​ត្រី​វិញ។ តាំង​ពី​ថ្ងៃ​នោះ​មក​​ អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ​កន្លង ស្លាប់​ផង រស់​ផង ពីព្រោះ​អណ្ដាត

Subscribe to this Blog via Email :