Featured Articles
All Stories

Thursday, February 28, 2019

រឿង ​បុរស​ម្នាក់​ឈ្មោះ​ចៅ​អាចម៍​សេះ

មានបុរសម្នាក់ឈ្មោះមិនប្រាកដ តែគេហៅថាចៅអាចម៍សេះ ព្រោះនៅជាខ្ញុំសេដ្ឋីគេឱ្យឃ្វាលសេះប្រហែលជា ៥០ សេះឱ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ប៉ុន្តែបុរសនោះជាប់រំឭកគុណព្រះពុទ្ធ បើឃ្វាលសេះក្តីឬធ្វើការអ្វីក្តីជាប់ទន្ទេញថា


សម្មាសម្ពុទ្ធោ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ ធ្វើការអ្វីនីមួយក៏ទន្ទេញជាប់ដរាបទៅ ឯអាចម៍សេះនោះទៀតមិនលើកចោលទេច្រកការុងទុកជាច្រើន មានថ្ងៃ១ សំពៅ៥០០ បើកមកពីស្រុកចិននាំទំនិញមកលក់ បុរសនោះក៏ស្រែកហៅថា ឱ្យចូលមកនេះសិនសំពៅក៏ចូលមក ក៏សួរថាអ្នករាល់គ្នាបើសំពៅមកពីណា នាយសំពៅក៏ថាមកពីស្រុកចិន បុរសនោះក៏ថាអ្នកឯងស្គាល់ស្តេចក្រុងចិនទេ នាយសំពៅឆ្លើយថាស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំង បុរសនោះថាស្តេចក្រុងចិននោះក្លើអញហើយជាមិត្រសម្លាញ់ពីថ្ងៃមុនរៀងមក បើអ្នកឯងត្រឡប់ទៅស្រុកចិនវិញចូលមក អញផ្ញើរបស់ទៅក្លើអញផង នាយសំពៅទាំងអស់ឆ្លើយថាបាទ នាំគ្នាចេញសំពៅទៅលក់ដូរប្រហែល ១៥ ថ្ងៃនាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះហើយសួរថាអ្នកឯងបានអីផ្ញើទៅ យកមក ខ្ញុំទៅឥឡូវហើយ បុរសនោះថាខ្វះអីរបស់ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឱ្យជញ្ជូនដាក់សំពៅប្រហែល ៤០០ ការុងសុទ្ធតែការុងអាចម៍សេះ ហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិន ដល់ទៅដំណាក់ផែស្តេចស្រុកចិនហើយក៏បោះយុថ្កាឡើងទៅទូលស្តេចស្រុកចិន ថាមានក្លើស្តេចផ្ញើរបស់ពីស្រុកខ្មែរនោះ ក៏មានបន្ទូលឱ្យទៅជញ្ជូនការុងអាចម៍សេះនោះដាក់គរមុខព្រះលាន ស្តេចចាត់ឱ្យស្រាយមាត់ការុងចាក់មើលរបស់អ្វីខ្លះ ដល់ស្រាយចាក់ទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្តេចក៏មានព្រះទ័យត្រេកអរណាស់រកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញ មានតែព្រះរាជបុត្រី១ ព្រះជន្ម១៨ឆ្នាំ ព្រះរូបព្រះឆោមល្អឯកលើសស្រីទាំងអស់គិតផ្ញើទៅឱ្យគេ គិតហើយក៏ចាត់ឱ្យជាងធ្វើស្គរ ១យ៉ាងធំពាសស្បែកសត្វទាំងសងខាង មានតែកន្លែងបើកចេញចូលពីខាងហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ ហើយមានទាំងកន្សែងបក់បោយមួយ​ផង ហើយចាត់បម្រើបើកសំពៅនាំទៅឱ្យចៅអាចម៍សេះដល់ទីកន្លែងបុរសនោះហើយក៏ស្រែកហៅថា ស្តេចក្រុងចិនក្លើផ្ញើស្គរមកឱ្យអ្នកផង១ ឱ្យវាយលេង បុរសនោះឮហើយក៏អរណាស់ អ្នកបម្រើក៏យកស្គរទៅចងក្នុងរោងសេះនោះ បុរសនោះក៏ចេះតែវាយលេងថាក្លើអញស្រឡាញ់អញ ផ្ញើឱ្យអញវាយលេង ដល់ថ្ងៃមួយ​ បុរសនោះវាយស្គរហើយទៅឃ្វាលសេះនាងដែលនៅក្នុងស្គរនោះចេញមករៀបបាយទឹកទុកបម្រុងឱ្យបុរសនោះហើយចូលទៅក្នុងស្គរវិញ បុរសនោះត្រឡប់មកឃើញបាយថានរណាយកបាយមករៀបឱ្យអញ ៗ ឃ្លានបាយអញស៊ីហើយ ធ្វើយ៉ាងនេះជាច្រើនថ្ងៃ បុរសនោះនឹកសង្ស័យថាអ្នកណាយកបាយមកឱ្យអញ ស៊ីរាល់ថ្ងៃម្ល៉េះអញចាំលបមើល ក៏ឃើញនាងនោះចេញពីក្នុងស្គរមករូបក៏ល្អឯកហើយបក់បោយអាហារកើតឡើងមួយរំពេច បុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម៉្លេះអញរត់ហើយ ក៏រត់ទៅ នាងនោះក៏រត់ដេញតាម បុរសនោះក៏ស្រែក សម្មាសម្ពុទ្ធោ កុំចាប់អញអាណិតអញលែងអញទៅ នាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយ អាពុកខ្ញុំឱ្យមកធ្វើជាប្រពន្ធអ្នកឯងផ្ញើមាសប្រាក់ទៅអាពុកខ្ញុំច្រើនណាស់ ប្រកែកថាទេខ្ញុំមិនយកទេ ក៏នាងនោះនិយាយលួងលោមច្រើនដងក៏ស្ងៀមនាងក៏ដឹកដៃបុរសនោះមករោងសេះវិញ ក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទវាំងរឿ មានមនុស្សគឹកកងរំពងក្នុងព្រះរាជវាំង បុរសចៅអាចម៍សេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សច្រើនឆ្វេងស្តាំ អ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថាមានកើតប្រាសាទ វាំងរឿត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយ ក៏ភិតភ័យរត់ទៅទូលស្តេចក្នុងនគរនោះតាមរឿង ។

ស្តេចជ្រាបហើយក៏ចាត់បម្រើឱ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែន ស្តេចក៏មានព្រះទ័យទោមនស្សជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទវាំងរឿក្នុងនគរអញ មានតែអញហើយជាស្តេចក្នុងនគរនេះ ក៏ចាត់ឱ្យនាហ្មឺនសព្វមុខមន្រ្តីមកគាល់ក៏មានព្រះបន្ទូលចាត់ឱ្យរៀបរេពលលើកទៅចាប់អាចោរកំណាចវាមកពីណា ស្តេចក៏យាងទៅជាមួយផង វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះ ហើយនិងនាងជាប្រពន្ធ ឯចៅអាចម៍សេះបានឮហើយក៏មានសេចក្តីភិតភ័យណាស់ ឯនាងបានប្រាប់ប្តីថា កុំឱ្យភ័យទុកឱ្យខ្ញុំច្បាំងនឹង​ស្តេច​នេះ នាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់បោយបក់ស្តេចនេះឱ្យខ្ចាត់ចេញពីនគរនេះចេញទាំងរេពលទាំងអស់ នាងក៏បក់ទៅ ស្តេចក៏អណ្តែតត្រសែតចេញបាត់ទៅ ហើយចៅអាចម៍សេះនិងនាងនោះបានសោយរាជ្យធ្វើជាស្តេចដោយអំណាចរំឭកគុណព្រះពុទ្ធ ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

រឿងចៅសុក្រ និងចៅសៅរ៍



កាលពីព្រេងនាយមានមានបុរស២នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅ វត្ដមួយជាមួយគ្នា។ បួសយូរបន្ដិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។




ឯចៅ សៅរ៍ល្ងង់ខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាក ដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែនក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា “ត្រូវឯង តាមពាក្យអញ។ ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធីដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញ ចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្ដារមឈូស មួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្ដារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្ដាលផ្លូវ អាធ្រាតចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឱ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច។ នាងប៉ិចឱ្យសហាយចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារឱ្យចៅសុក្រ ចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា “ដូចម្ដេចបានជាវិលមកវិញ ”។ ចៅសៅរ៍ប្រាប់ថា “ចៅសុក្រឈឺក្បាលហៅវិលមក វិញ។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឱ្យដណ្ដាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថាសហាយនាងប៉ិចដេក ក្នុងក្ដារមឈូសក៏ប្រាប់ទៅចៅសៅរ៍ថា “រកផ្ដៅចងក្ដារមឈូសទុកក្រែងចោរលួច ” ចៅសៅរ៍ក៏យកផ្ដៅមកចងក្ដារមឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត។ ឯចៅសៅរ៍ពុំ ដឹងថាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឱ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា “ឱ្យឪពុកម្ដាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្ដីខ្ញុំសែងយកមកព្រឹកនេះហើយ ”។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ។ ចៅសុក្រ និងចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឱ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថា “បើឃើញអ្នកណាសែង ក្ដារមឈូសមកលក់ឱ្យរត់ទៅហៅយើង ”។ ចៅសុក្រនិងចៅសៅរ៍សែងក្ដារមឈូសទៅដល់ផ្ទះសេដ្ធី ស្រែកពពាយ នាយថា “អ្នកណាទិញក្ដារមឈូសទេ? ”។ សេដ្ធីឮសួរថា “លក់តម្លៃប៉ុន្មាន?។ ចៅសុក្រប្រាប់ថា “ឱ្យចាក់ប្រាក់ពីដី ឡើងស្មើនឹងមឈូស។ សេដ្ធីសុំតម្លៃ ចៅសុក្រមិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរឱ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូនចេញ។ ក្រោយមកចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូចដដែលវិញ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ

រឿងចៅផ្កាប់ត្រឡោក

កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កម្លោះៗ​ជា​ច្រើន ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្តឹក​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឲ្យ ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា


   

 «បើ​កម្លោះ​ឈ្មោះ​ណា​ចង់​បាន​ ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ, បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្តាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ កម្លោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជមនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន​ហើយ សេដ្ឋិ​ក៏​ផ្តាច់​ មិន​ឲ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កម្លោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទី​ឈើ លប​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ ឲ្យ​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋី​នោះ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើល​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឲ្យ​ជួយ​កាន់​ជំនួន​នោះ ទៅ​ដល់​ផ្តះ មហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ នាង​ខ្ញុំ មក​សូម​ដណ្តឹង​កូន​ក្រមុំ​លោក ផ្សំ​ផ្គុំ​នឹង​កូន​ប្រុស​កម្លោះ​ខ្ញុំ​បាទ, នាង​ខ្ញុំ ទោះ​បី​ខុស​ត្រូវ សូម​លោក​មហាសេដ្ឋី​អភ័យ​ទៅស សូម​ឲ្យ​បាន​ជា​សាច់​សន្តាន ស្ពាន​មេត្រី​រៀង​ទៅ» ។ សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ​ស្តាប់​ហើយ​ឆ្លើយ​ថា «យើង​ឥត​ប្រកែក​ថា​អ្វី​ទេ​អ្នក! តែ​ថា ថ្ងៃ​ស្អែក​នេះ​អ្នក​ធ្វើ​ផ្ទះ​ ៥ ល្វែង​ឲ្យ​ហើយ​ស្រេច ទើប​បើ​ធ្វើ​មិន​ហើយ​យើង​និង​ផ្តាច់ មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក​ឮ​ហើយ ជម្រាប​ថា «បើ​កូន​ខ្ញុំ​ធ្វើ​ផ្ទះ​ថ្ងៃ​ស្អែក​នេះ​មិន​ហើយ​ស្រេច​ទេ សូម​លោក​សេដ្ឋី​ផ្តាច់​កូន​ក្រមុំ​លោក​ចុះ ជំនួន​ប៉ុន្មាន​តុ​នេះ ខ្ញុំ​បាទ​នាង​ខ្ញុំ​ក៏​សុខ​ចិត្ត​ជូន​លោក​ទាំង​អស់ ឥត​គិត​យក​ថ្លៃ​ពី​លោក​ឡើយ» ហើយ​ជូន​ជំនួន​ទាំង​អស់​ទៅ​សេដ្ឋីៗ ក៏​ឲ្យ​ខ្ញុំ​កំដរ​លើក​ទៅ​ផ្ទេ​ទុក​ពេញ​មួយ​ល្វែង​ផ្ទះ ហើយ​យក​សំបក​តុ ថាស មក​ឲ្យ​វិញ ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទទួល​តុ​ថាស​គ្រប់​ចំនួន​ហើយ ក៏​សំពះ​លា​មហាសេដ្ឋី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះវិញ ។ ក្រោយ​នោះ មហាសេដ្ឋី​និង​ភរិយា​ នាំ​គ្នា​ទៅ​មើល​ជំនួន​នៅ​លើ​ផ្ទះ ឃើញ​សុទ្ធ​តែ​ផ្លែ​ឈើ​មាន​តម្លៃ​ប្លែកៗ ពី​ប្រទេស​ឆ្ងាយ​ខ្លះ នៅ​ស្រុក​អាយ​ខ្លះ សេដ្ឋី​ក៏​ញញឹម​ញាក់​មុខ​ដាក់​ប្រពន្ធ​ថា «ជំនួន​នេះ យើង​មុខ​ជា​បាន​ស៊ី​ទទេ​ទៀត​ហើយ» ។ ចំណែក​មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទៅ​ដល់​ផ្ទះ​ក៏​និយាយ​ប្រាប់​កូន​ថា «សេដ្ឋី​ព្រម​ឲ្យ​ហើយ» តែ​គេ​ថា «ឲ្យ​កូន​ធ្វើ​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ ឲ្យ​ហើយ​ស្រេច» ។ ចៅ​ផ្កាប់​ត្រឡោក ឮ​មាតា​បិតា​និយាយ​ប្រាប់​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ជម្រាប​មាតា​បិតា​ថា «លោក​ម៉ែ​លោក​ឪពុក​កុំ​ព្រួយ​បារម្ភ មុខ​ជា​បាន​ដូច​គំនិត ដែល​កូន​គិត​ទុក​ពី​ថ្ងៃ​មុខ» ហើយ​ចៅ​ផ្កាប់​ត្រឡោក ក៏​ទៅ​និយាយ​ពឹង​បង​ប្អូន​អ្នក​ចេះ​ការ​ជាង​ផ្ទះ​បាន​គ្នា​ច្រើន ឲ្យ​គេ​ជួយ​សង់​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ឲ្យ​ហើយ ។​ បង​ប្អូន​គេ​ជួយ​ទាំង​អស់​គ្នា ហើយ​ចៅ​ផ្កាប់​ត្រឡោក​ត្រឡប់​មក​ផ្ទះ ស្លៀក​ពាក់​តែង​ខ្លួន​ស្អាត​បាត ពឹង​កម្លោះ​ផង​គ្នា​ ឲ្យ​ជូន​ទៅ​ផ្ទះ​សេដ្ឋី​នោះ លុះ​ឡើង​ទៅ​ដល់​លើ​ផ្ទះ សេដ្ឋី​សួរ​ថា «ចៅ​ឯង​មក​មាន​ការ​អ្វី? » ចៅ​ផ្កាប់​ត្រឡោក​លុត​ជង្គង់​ប្រណម្យ​ជម្រាប​ថា «ម៉ែ​ឪពុក​បាទ​ប្រើ​ខ្ញុំ​បាទ​ជា​កូន ឲ្យ​មក​សូម​ក្រាប​ប្រណីប័ត្ត​លោក​ឪពុក​អ្នក​ម្តាយ សូម​ទាន​ប្រាប់​ទី​កន្លែង​ត្រង់​ណា​ឲ្យ​ទាន​ខ្ញុំ​បាទ​នឹង​សង់​ផ្ទះ ខ្ញុំ​បាទ​នឹង​អាល​ទៅ​ចាត់​ការ​ធ្វើ​ក្រែង​មិន​ហើយ ជូន​លោក​ឪពុក​លោក​ម្តាយ ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ » ។ សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ គន់​មើល​រូប​ឫក​ពា​ចៅ​ផ្កាប់​ក្រឡោក នឹក​សសើរ​ក្នុង​ចិត្ត​ថា «កូន​ប្រសារ​អញ​គ្រាន់​បើ​ដែរ តែ​មុខ​ជា​ខូត​ខាត​ជំនួន​ដូច​អ្នក​មុនៗ ទៀត​ហើយ» ហើយ​សេដ្ឋី​ប្រាប់​ទី​កន្លែង​ឲ្យ​សង់នៅ​ខាង​ជើង ឆ្ងាយ​ពី​ផ្ទះ​ធំ ចំនួន ៥ ព្យាម ។ ចៅ​ផ្កាប់​ត្រឡោក​បាន​ឮ​សេដ្ឋី​ប្រាប់​ហើយ ក៏​ប្រាប​សំពោះ​លា នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ប្រមូល​បង​ប្អូន​ជួប​ជុំ​យក​គ្រឿង​ផ្ទះ ដែល​ធ្ងន់ៗ ផ្ទុក​រទេះ​ស្រេច​ពី​យប់ របស់​ណា​ល្ម​លី​សែង ក៏​ចាត់​ចែង​ផ្គូ​ផ្គង​ដាក់​មុខ​គ្នា​ស្រេច ។ លុះ​ព្រឹក​ឡើង ខ្លះ​ដឹក​នឹង​រទេះ ខ្លះ​លី​សែង ទៅ​ដល់​ផ្ទះ​សេដ្ឋី ខ្លះ​កាប់​ដី ខ្លះ​ជីក​រណ្តៅ​សសរ តាម​ខ្នាត់​ទំហំ​ផ្ទះ ៥ ល្វែង ខំ​ធ្វើ​ស្រុះ​គ្នា​មិន​ឈប់​ ឈប់​តែ​ពេល​បរិភោគ​ បាយ បរិភោគ​បាយ​រួច​នាំ​គ្នា​ធ្វើ​ទៀត ទាល់​តែ​ហើយ​ស្រេច​ក្នុង​វេលា​ថ្ងៃ​នោះ រួច​ចៅ​ផ្កាប់​ត្រឡោក​ឡើង​ទៅ​លុត​ជង្គង់​សំពេះ​ជូន​ផ្ទះ​មហាសេដ្ឋី​ជា​មាតា​បិតា​ក្មេក ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ដល់​ថ្ងៃ​ខែ បាន​ឫក្ស​ល្អ មាតា​បិតា​ទាំង​ពីរ​ខាង ក៏​រៀប​វិវាហមង្គល​ការ​កូន​រួច​ស្រេច ។ ឯចៅ​ផ្កាប់​ត្រឡោក លាក់​តែ​ត្រឡោក​នោះ​ មិន​ឲ្យ​នរណា​ឃើញ​សោះ ដល់​ពេល​យប់​រៀប​ផ្សំ​ដំណេក​រួច​ហើយ ក៏​ដេក​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ។ ចៅ​ផ្កាប់​ត្រឡោក យក​ត្រឡោក​នោះ ទៅ​ផ្កាប់​គ្រប​ពី​លើ​ស្វាស២រួច​ស្លៀក​សំពត់ចង​ក្បិន​ប្រយ័ត្ន​មិន​ឲ្យ​ត្រឡោក​ធ្លាក់​បានហើយ​ដេក​ឃ្លាត​ពី​ភរិយា ធ្វើ​កិរិយា​សម្ងំ​មិន​បាន​ពាល់​ដល់​ចុង​ដៃ​ជើង​ភរិយា​នោះ​ឡើយ ប្រើ​ឧបាយ​យ៉ាង​នេះ អត់​ធន់​បាន​ ៣ យប់ ។ យប់​ក្រោយ​ទៀត​នាង​ភរិយា​នោះ រសាប់​រសល់​ខ្វល់​ចិត្ត​គិត​សង្ស័យ​ថា «ប្តី​អញ​នេះ ដេក​ជា​មួយ​គ្នា​យូរ​យប់​ហើយ គាត់​ធ្វើ​ព្រងើយ​កន្តើយ ហាក់​ដូច​ជា​គ្មាន​ត្រូវ​ការ​នឹង​អញ​សោះ ជា​គាត់​ខ្ទើយ​រ​ក្ស័យ​លិង្គ?» គិត​ក្នុង​ចិត្ត​ដូច្នោះ​ហើយ ក៏​ចង់​ដឹង​ប្រថុយ​លប​លូក​ស្ទាប​មើល​ឲ្យ​ច្បាស់ ។ ចៅ​ផ្កាប់​ត្រឡោក​ដេក​ពុំ​លក់​ទេ តែ​ធ្វើ​ជា​ស្រមុក​ខុលៗ ។ នាង​ប្រពន្ធ​នោះ លូក​ដៃ​ស្ទាប​ត្រង់​ស្វាសនោះ ពាន​ទៅ​លើ​ត្រឡោក​ផ្កាប់​រលីង​ណិល ដក​ដៃ​មក​វិញ​គិត​ថា​«ប្តី​អញ​នេះ នឹង​ថា ខ្ទើយ​ឫក្ស័យ​លិង្គ​ក៏​មិន​មែន សណ្ឋាន​ហាក់​ដូច​ជា​ភេទ​ស្រី​តែ ពោះ​គ្មាន​ប្រឡាយ មុខ​គួរ​ឲ្យ​ឆ្ងល់​ណាស់!» ។ លុះ​ព្រឹក​ឡើង ខ្សឹប​ប្រាប់​ម្តាយ តាម​ដំណើរ​ ដែល​លប​ស្ទាប​ប្តី​សព្វ​គ្រប់ ។ ម្តាយ​ឮ​ហើយ ដក​ដង្ហើម​ធំ​ថា «ឱកូន​ងញ​អើយ! បាន​ប្តី​អ្វី​ក៏​មិន​ដូច​បុរស​ទាំង​ពួង ហើយ​នឹក​បន្ទោស​កូន​ប្រសា​ប្រុស​នោះ​ថា «បើ​វា​គ្មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង​ទេ ហេតុ​ម្តេច​ក៏​ស្រឡាញ់​កូន​អញ​ម្ល៉េះ?» គិត​ហើយ ក៏​ប្រាប់​សេដ្ឋី​ថា​ជា​ប្តី​តាម​ដំណើរ​កូន​ស្រី​ប្រាប់​សព្វ​គ្រប់ ។ សេដ្ឋី​ស្តាប់​ហើយ​គិត​ថា «បើ​អញ​និយាយ​ខ្លាំង ខ្មាស​អ្នក​ជិត​ខាង» ហើយ​និយាយ​ខ្សឹប​ខ្សៀវ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា «កូន​ប្រសា​យើង​នេះ វា​គ្រាន់​បើ​ដែរ ណ្ហើយ​គេហ៍​អើយ! អាណិត​វា ឲ្យ​ប្រាក់​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះ មួយ​ពាន់ប្រាំ​រយ​ណែន​ទៅ​វា ហើយ​ប្រាប់​វា​ ឲ្យ​ទៅ​នៅ​ម៉ែ​ឪ​វា​វិញ​ចុះ» គិត​ព្រម​គ្នា​ហើយ​ហៅ​កូន​ប្រសា​ថា «ជី​ឯង​មក​នេះ» ។ ចៅ​ផ្កាប់​ត្រឡោក​ឮ​សេដ្ឋី​ឪពុក​ក្មេក​ហៅ​ខ្លួន​ហើយ ក៏​ទៅ​អង្គុយ​ជិត​សំពះ​សេដ្ឋីៗ ប្រាប់​ថា «ឯង ហាក់​ដូច​ជា​មិន​ស្រឡាញ់​កូន​អញ​សោះ! ណ្ហើយ​ចុះ អញ​ឲ្យ​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន ឯង​យក​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ឯង​វិញ​ចុះ» រួច​ក៏​រាប់​ប្រាក់​ប្រគល់​ឲ្យ​គ្រប់​ចំនួន។​ ចៅ​ផ្កាប់​ត្រឡោក​ទទួល​យក​ប្រាក់​ហើយ​ជម្រាប​ថា «លោក​ឪពុក! ខ្ញុំ​បាទ​សុំ​ហិប​ធំ១ ដាក់​ប្រាក់​យក​ទៅ​ឲ្យ​ដល់​ផ្ទះ​ខ្ញុំ​បាទ​ផង» ។ សេដ្ឋី​ក៏​ឲ្យ​ហឹប​ដាក់​ប្រាក់ ចាត់​បាវ​ព្រាវ​ឲ្យ​សែង​តាម​ចៅ​ផ្កាប់​ត្រឡោក​ទៅ​ដល់​ផ្ទះ ហើយ​ជូន​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន​នៅ​ក្នុង​ហិប​ទៅ​មាតា​បិតា ជម្រាប់​រឿង​សព្វ​ប្រាប់ ក៏​ត្រឡប់​មក​ផ្ទះ​សេដ្ឋី​វិញ ។ លុះ​ដល់​ហើយ ចៅ​ផ្កាប់​ត្រឡោក ធ្វើ​ឫក​កិរិយា​សញ្ជប់​សញ្ជឹង ហាក់​ដូច​ជា​រឭក​អាល័យ​សេដ្ឋី​និង​ភរិយា​នោះ​ពន់​ពេក ។ សេដ្ឋី​ឃើញ​ហើយ​សួរ​ថា «ឯង! អញ​ឲ្យ​ប្រាក់​ទៅ​នៅ​ផ្ទះ​ម៉ែ​ឪឯង​វិញ​ហើយ ហេតុ​ម្តេច​ក៏​មិន​ទៅ?» ។ ចៅ​ផ្កាប់​ត្រឡោក​ឆ្លើយ​ជម្រាប​សេដ្ឋីថា «ខ្ញុំ​បាទ​រឭក​អាល័យ​លោក​ម៉ែ​លោក​ឪពុក​និង​នាង​ជា​ភរិយា​ខ្លាំង​ណាស់ សុំ​នៅ​ទទួល​ទាន​ដំណេក​តែ​មួយ​យប់​នេះ​ទៀត​ព្រឹក​ឡើង​ខ្ញុំ​បាទ​សូម​ប្រណិប័ត​លា​ទៅ​ផ្ទះ​វិញ» ។ សេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «យើង​ឲ្យ​វា​ដេក​មួយ​យប់​ទៀត ចុះ​វា​មិន​ទាន់​ជា​អ្វី​ទេ ដូច​ជា​ដេក​ជា​មួយ​នឹង​ប្រុស​ផង​គ្នា» ។ លុះ​ពេល​យប់​បរិភោគ​បាយ​រួច ចៅ​ផ្កាប់​ត្រឡោក​ក៏​ចូល​ទៅ​ដេក​ជា​មួយ​នឹង​ភរិយា ត្រឡោក​នៅ​ផ្កាប់​ដដែល, ដល់​យប់​ចៅ​នាង​ភរិយា​គិត​ថា «យប់​ស្អែក​នេះ ប្តី​អញ​ទៅ​នៅ​ផ្ទះ​គាត់​វិញ​ហើយ, អញ​ចង់​ស្ទាប​សង្កេត​ឲ្យ​ច្បាស់» ។ ឯចៅ​ផ្កាប់​ត្រឡោក​ដេក​ផ្ងារ​ដេក​ពុំ​លក់ ព្រោះ​កើត​តម្រេក​ខ្លាំង ដូច​ជា​គេ​ទូល​ត្រឡោក ។ នាង​ភរិយា​នោះ លូក​ដៃ​ទៅ​ប៉ះ​ត្រឡោកៗ ធ្លាក់​ឮ​សូរ​តែ​ខ្វស់ ។ ចៅ​ផ្កាប់​ត្រឡោក​ងាក​ផាំង ចូល​ទៅ​រួម​រស​នឹង​នាង​ភរិយា​នោះ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ក្លា ។ លុះ​ព្រឹក​ឡើង នាង​នោះ​និយាយ​ជម្រាប​ម្តាយ«ម៉ែ​អើយ!បើ​ប្តី​ខ្ញុំ​លា​ទៅ​ផ្ទះ​វិញ សូម​ម៉ែ​អាណិត​កូន ឃាត់​កុំ​ឲ្យ​គាត់​ទៅ» ។ មាតា​សង្ស័យ​ណាស់​សួរ​កូនៗ​ និយាយ​ខ្សឹម​ជម្រាប​មាតាថា​«ម៉ែ! ប្តី​ខ្ញុំ​គាត់​មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង មិន​មែន​ជា​ខ្ទើយ​ទេ» ។ ម្តាយដឹង​ចិត្ត​កូន​ក៏​ខ្សឹប​ជម្រាប​សេដ្ឋី​ជា​ប្តី​ដោយ​ស្ងាត់​ថា «កូន​យើង​ទាំង​ពីរ វា​ត្រូវ​ចិត្ត​វា​ហើយ» ។ សេដ្ឋី​ឮ​ភរិយា​និយាយ​ប្រាប់​រឿង​កូន​សព្វ​គ្រប់​ ក៏​តប​ថា «កាល​មុន ឯង​និយាយ​ប្រាប់​អញៗ ក៏​ជឿ​ថា​ពិត​មែន អញ​បាន​សង​ថ្លៃ​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះមួយ​ពាន​ប្រាំ​រយ​ណែន ឲ្យ​ទៅ​វា ឥឡូវ​ថា​កូន​ប្រសា​យើង​មាន​ប្រដាប់​ដូច​បុរស​ទាំង​ពួង ណ្ហើយចុះ​គេហ៍​អើយ! បើ​ត្រូវ​ចិត្ត​គ្នា​វា​ហើយ ប្រាក់​ដែល​យើង​ ឲ្យ​កូន​ប្រសា​នោះ ដូច​ជា​ឲ្យ​ទៅ​កូន​យើង​ទេ ប្តី​ប្រពន្ធ​វា​មាន ក្រជា​ជា​មួយ​គ្នា​ចុះ​«ហើយ​សេដ្ឋី​ក៏​ស្ងៀម​ស្ងាត់​រាប់​អាន​ជា​កូន​ត​រៀង​ទៅ ។ លុះ​ដល់​សេដ្ឋី​ប្តី​និង​ភរិយា​ចាស់​ជរា ទទួល​មរណភាព​ទៅ​វេលា​ណា ស្តេច​ក្នុង​ព្រះ​នគរ​នោះ​ ទ្រង់​ព្រះ​មេត្តា​ប្រោស តាំង​ចៅ​ផ្កាប់​ត្រឡោក និង​ភរិយា​ឲ្យ​ធ្វើ​ជា​សេដ្ឋី​តាង​បិតា​លុះ​អស់​ជីវិត។​

ត្រឡាច​ម្តេច​មាន​បណ្តូល មនុស្ស​មួយ​ទាំង​មូល ណា​ក៏​គ្មាន​ប្រាជ្ញា

Wednesday, January 17, 2018

រឿង ចាប​ស្រុក និង​ចាប​ព្រៃ



កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ ដើររកស៊ីដោយពួកជារាល់ថ្ងៃ ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកស៊ីកុំជជែកឈ្លោះគ្នា ឲ្យឮមាត់គឹកកងឡើយ ឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក ដើម្បីនឹងឲ្យរួចរស់ជីវិត ។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ី មិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន បានរួចជីវិតតែរៀងៗមក ។ មានកាលថ្ងៃ១ពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នា នៅដើមត្រែង១ គុម្ព ។ ពួកចាបព្រៃទំនៅខាងក្រោម ពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ និយាយប្រកាន់ទៅចាបស្រុកថា «ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?» ។


ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា «យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ» ។ ពួកចាបព្រៃជាពួកឥតកាន់ដំបូន្មាន មិនពិចារណាឲ្យឃើញខុសត្រូវ ក៏បបួលគ្នាបង្កហេតុ បង្កើតជាជម្លោះនឹងពួកចាបស្រុក ឮមាត់ជាគឹកកងរំពងឡើង ។ ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា ។ ចាបទាំងពីរពួកនេះ បានត្រូវលប់ហើយ ក៏នៅតែជាប់ឈ្លោះគ្នាទៀត ។ ចាបស្រុកពោលទៅចាបព្រៃថា «បើពួកឯងគ្រាន់បើ ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់ទៅ» ។ ចាបព្រៃក៏ពោលមករកចាបស្រុកវិញថា «បើពួកឯងគ្រាន់បើ ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់នេះទៅ» បានតែពាក្យបញ្ជូនគ្នាទៅវិញទៅមក មិនគិតបម្រះឲ្យរួចជីវិតសោះ» ។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើង ចាប់បានចាបទាំងអស់ ក៏ពិឃាដក្ស័យអស់ ។ នេះហើយចាបស្រុក ជាពួកចាបល្អ តែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា ។
ចោទគេដោយស្មាន ត្រឡប់បានក្ដីទុក្ខ

រឿង ក្របី​ស្រុក និង ក្របី​ព្រៃ


ក្នុង​អតីត​សម័យ មាន​ក្របី​ពីរ មួយ​ជា​ក្របី​ស្រុក មួយ​ទៀត​ជា​ក្របី​ព្រៃ ។ សត្វ​ទាំង​ពីរ​នេះ​ស្រលាញ់​គ្នា​ណាស់ ដេក នៅ ស៊ី​ចុក​ជាមួយ​គ្នា​ពុំ​ដែល​ឃ្លាត ។ ទន្សាយ​ដឹង​ថា​ក្របី​ទាំង​ពីរ​នេះ​ស្រឡាញ់​គ្នា​ដូច្នេះ ក៏​រក​ឧបាយកល ធ្វើ​ឲ្យ​បែក​ចេញ​ពី​គ្នា ។ ថ្ងៃ​មួយ វា​ដើរ​ចូល​មក​រក​សត្វ​ក្របី​ទាំង​ពីរ​នោះ ហើយ​និយាយ​ថា “ នែ ! បង​ក្របី​ទាំង​ពីរ​អើយ ចូរ​បង​ឯង​កុំ​ដេក-ដើរ-ស៊ី​ចុក​ជា​មួយ​គ្នា ប្រយ័ត្ន​តែ​មនុស្ស​អ្នក​ស្រុក​គេ​ឃើញ នឹង​ចាប់​បង​ឯង​ទាំង​ពីរ​នាក់ យក​ទៅ​ប្រើ​ប្រាស់​មិន​ខាន ” ។ ក្របី​ព្រៃ​ឮ​ទន្សាយ​និយាយ​ដូច្នេះ ក៏​ភ័យ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ដូច​ពាក្យ​ទន្សាយ​មែន ។
ចាប់​ពី​ថ្ងៃ​នោះ​មក​ក្របី​ទាំង​ពីរ​ក៏​នៅ​ស៊ី​ចុក​ដទៃ​ពី​គ្នា ។ ក្នុង​ការ​នៅ​បែក​គ្នា​នេះ សត្វ​ទាំង​ពីរ​ក៏​តែង​តែ​នឹក​អាល័យ​ដល់​គ្នា​នឹង​គ្នា​រក​ទី​បំផុត​គ្មាន ដោយ​ធ្លាប់​បាន​នៅ​រួមរក្ស​ជាមួយ​គ្នា​អស់​កាល​ដ៏​យូរ ។ លុះ​យូរ ៗ ទៅ ក្របី​ទាំង​ពីរ​ក៏​ភ្លេច​នឹក​គ្នា​ទៅ​វិញ​ទៅ​មក ទន្សាយ​បាន​ដឹង​ថា​ក្របី​ទាំង​ពីរ​បែក​គ្នា លែង​នឹក​នា​ដល់​គ្នា​នឹង​គ្នា​ហើយ ក៏​ដើរ​ទៅ​រក​ក្របី​ព្រៃ​និយាយ​ថា: “ នែ​ក្របី​ព្រៃ ! ខ្ញុំ​បាន​លឺ​ក្របី​មួយ​គេ​និយាយ​ថា​គេ​ខ្លាំង​ពូកែ​ណាស់ គេ​រក​តែ​គូ​នឹង​ជល់​ល្បង​ឫទ្ធិ​គ្នា ” ។
ក្របី​ព្រៃ​ឮ​ដូច្នោះ ខឹង​ណាស់​និយាយ​ថា “ យើ ! បង​ទន្សាយ ក្រោម​មេឃ​លើ​ដី​មាន​តែ​ខ្ញុំ​ទេ ឥឡូវ​មាន​អា​ក្របី​ណា​មក​អួត​ក្អេង​ក្អាង​ថា​ខ្លួន​វា​ខ្លាំង​ពូកែ​ជាង​ខ្ញុំ ចូរ​បង​ឯង​ទៅ​ហៅ​វា​មក យើង​នឹង​ជល់​ប្រឡង​ឫទ្ធិ​គ្នា ” ។ ទន្សាយ​ក៏​ទៅ​ប្រាប់​ក្របី​ស្រុក​ថា: “ នែ​បង​ក្របី​ស្រុក ! ក្របី​ព្រៃ​គេ​ខឹង​នឹង​បង​ឯង​ណាស់ គេ​ថា​ឲ្យ​បង​ឯង​ទៅ​ជួប នឹង​ជល់​ប្រឡង​ឫទ្ធិ​គ្នា​ម្ដង ឲ្យ​ដឹង​ដៃ ” ។ ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ក្របី​ស្រុក ជូន​ដំណើរ​ទៅ​ឲ្យ​ជួប​នឹង​ក្របី​ព្រៃ ។ លុះ​ទៅ​ដល់​ភ្លាម ក្របី​ព្រៃ​ក៏​ស្ទុះ​មក​វ័ធ​ក្របី​ស្រុក​យ៉ាង​សាហាវ ។ ក្របី​ទាំង​ពីរ​ក៏​ប្រយុទ្ធ​គ្នា​អស់​ពេល​យ៉ាង​យូរ​មិន​ឈ្នះ​មិន​ចាញ់ ក៏​បែក​ចេញ​ចាក​គ្នា មួយ​នៅ​ស្រុក មួយ​ទៅ​នៅ​ព្រៃ​ទៅ លែង​ជួប​គ្នា​តាំង​ពី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

រឿង ក្អែក១ ក្អែក១០



កាល​ពីព្រេងនាយ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​អា​ខិល ម្នាក់​ឈ្មោះ​អា​ខូច នៅ​ស្រុក​ទីទៃ​ពី​គ្នា គំនិត​ដោយ​ខ្លួន ។ អា​ខូច​ជុះ​អាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍​ល័ក្ដ​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន ។ អា​ខិល​ធ្វើ​កាំបិត ១ មាន​ផ្លែ​ប៉ុន​ចង្កើះ​អក​កំបោរ​ដង​ប៉ុន​ក​ដៃ ស្រោម​ធំ​វែង​ប្រហែល ១ លូក អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ ឯ​អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ ។ អា​ខិល​ទៅ​ពី​នេះ អា​ខូច​មក​ពី​នោះ ជួប​គ្នា​កណ្ដាល​ផ្លូវ អា​ខូច​ពពាយ​នាយ​ថា អ្នក​អើយ​ទិញ​ផ្អក​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏​បាន ចំហុយ​ក៏​បាន ឆ្ងាញ់​របស់​ខ្ញុំ​ណាស់ ។ អា​ខិល​ឆ្លើយ​ថា ទាស់​តែ​លក់​ដាវ​ខ្ញុំ​មិន​ដាច់ គ្មាន​លុយ​ទិញ បើ​ដូរ​ជា​ដាវ​នេះ​ព្រម​ដូរ​ឬទេ ? អា​ខូច ឃើញ​ដាវ​នោះ​វែង​ក៏​ឆ្លើយ​ថា « ដូរ​ក៏​ដូរ » ។ អា​ខិល​ប្រគល់​ឲ្យ​អា​ខូច​ហើយ​អួត​ថា​ដាវ​ខ្ញុំ​នេះ មុត​បំផុត មេ​ដែក​របស់​ខ្ញុំ​ផង បើ​ត្រូវ​ការ​សឹម​ហូត​កាប់​តែ​ម្ដង អ្នក​ឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូត​ល​ព្រើល ៗ​ស៊ក​ទៅ​វិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្ដាយ​របស់​ខ្ញុំ​ណាស់ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ពេក កុំ​អី​ខ្ញុំ​មិន​ដូរ​ទេ » ។ អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យ​ទៅ​អា​ខិល ហើយ​ហាម​ថា «ផ្អក​ខ្ញុំ​ហ្នឹង​ក៏​ដែរ ដល់​ពេល​ស៊ី​សឹម​បើក​យក​មក​ចំហុយ កុំ​អាល​បើក​មើល ក្រែង​វា​ស្អុយ​រុយ​បែង​ក្រែង​វា​ធុំ​ខ្មោះ ស៊ី​មិន​ទាន់​អស់ វា​ទៅ​ជា​ខាន​ឆ្ងាញ់​ នឹក​ឃើញ​ជីដូន​ជីតា​ បាន​តែ​ខ្វារ​ស៊ី​ទៅ » ។ អា​ទាំង​ពីរ បែក​គ្នា​ទៅ​ដល់​ផ្ទះ​រាល់​ខ្លួន ហើយ​តឿន​ប្រពន្ធ​កូន​ថា​ដណ្ដាំ​បាយ​ទៅ​អញ​បាន​ផ្អក ។ ប្រពន្ធ​ថា «បាន​ផ្អក​ពី​ណា ? អា​ខិល​ថា «ដូរ​ដាវ​គេ ៗ​ថា​ផ្អក​ចាវ​គេ​ឆ្ងាញ់​ពិសា​ណាស់ » ។ ប្រពន្ធ​ក៏​អរ​ពេញចិត្ត​នឹក​ថា «ប្ដី​ចេះ​ធ្វើ​កាំបិត​ដូរ​ផ្អក » ស្ទុះ​ភ្លែត​ទៅ​លាង​ចាន​ដួស​បាយ ហើយ​កាន់​កាំបិត​យ៉ាង​គំរឹល កកិល​ទៅ​ជិត​ពាង​ផ្អក យក​កាំបិត​គាស់​អាចម៍​ល័ក្ដ​នោះ​បើក​ឡើង ហើយ​លូក​ខ្វារ​បាន ១ ក្ដាប់​ដាក់​ផ្លាប់​ទៅ​ក្នុង​ចាន សល់​នៅ​ដៃ​ប៉ុន្មាន​ក៏​លិទ្ធ​ផ្លប់​ភ្លក់​មើល ងើប​មុខ​ឡើង​ថា «យី ! ផ្អក​ចាវ​អី​ក៏​ស្អុយ​ដូច​អាចម៍ គ្មាន​ឆ្អឹង​និង​សាច់​កខ្វិក​កខ្វក់ ម៉ដ្ឋ​ផង់​យ៉ាង​ហ្នឹង តើ​ផ្អក​ត្រី​អីប្ដី​ថា «ក្រែង​ត្រី​ពោ » ។ ប្រពន្ធ​ក៏​លូក​កូរ​រាវ​រក​ក្បាល លូក​បាន​ពាក់​កណ្ដាល​ក្អួត​ចង្អោរ ២០ វ៉ក ដឹង​ជាក់​ជា​អាចម៍ មិន​មែន​ផ្អក មក​បន្ទោស​ទៅ​ម្ចាស់​ដើម ឆ្អើម​លេប​បាយ​មិន​រួច ។

និយាយ​អំពី​អា​ខូច ត្រេកអរ​ណាស់ ដើរ​ទៅ​ផ្ទះ​អួត​ប្រាប់​ប្រពន្ធ​ថា «អាចម៍​មួយ​ពាង​ដូរ​បាន​ដាវ​មួយ​ដែរ» ទទួល​ខឹង​នឹង​ឆ្កែ​វា​នោម​ច្រាស​ស្លឹក​គ្រៃ កន្ទ្រាក់​ដាវ​លោត​ទៅ​ដល់​ដី បម្រុង​នឹង​កាប់​ឆ្កែ​សម្លាប់ ក៏​ចាប់​ដង​ដាវ​ហូត​ខ្វិច​​ឃើញ​ផ្លែ​ដាវ​នោះ​កំប៉ិច គេច​ឡើង​លើ​ផ្ទះ​បង្ហាញ​ប្រពន្ធ​មើល ហើយ​សើច​ទាំង ២ នាក់​ សើច​ហើយ​ប្រាប់​ប្រពន្ធ​ថា «ប្រាជ្ញា​អា​នោះ​ស្មើ​នឹង​អញ ៗ ទៅ​បបួល​វា​ធ្វើ​សំឡាញ់​គ្រាន់​រក​ស៊ី​ពីរ​នាក់ នឹង​បាន​មាស​ប្រាក់​ដោយ​ងាយ» ។ លុះ​ទៅ​ប្រទះ​នឹង​អា​ខិល ដើរ​មក​ពី​នាយ​សើច​ពព្រាយ និយាយ​សួរ​ថា « ឯង​ទៅ​ណា ! » ។ អា​ខិល​ឆ្លើយ​ថា «អញ​មក​សុំ​ឯង​ធ្វើ​សំឡាញ់» អា​ទី​មួយ​ក៏​ថា «អញ​សុំ​ឯង​ធ្វើ​ក្លើ​ដែរ » ហើយ​ក៏​សុខ​ចិត្ត​ដើរ​ពីរ​នាក់ ទៅ​ដល់​ផ្ទះ​មហាសេដ្ឋី​ម្នាក់​ចាស់ ជរា ឈឺ​ស្លាប់ គេ​ដាក់​ក្នុង​ក្ដារ​មឈូស​បម្រុង​បូជា​ថ្ងៃ​ស្អែក ។ ចំណែក​កូន​ចៅ​និង​ប្រពន្ធ​យំ​សោក​គ្រប់​គ្នា វេលា​នោះ​អា​ទាំងពីរ ស៊ើប​សួរ​អ្នក​ដើរ​ខាង​ក្រៅ​ថា «អ្នក​ណា​ស្លាប់ បាន​ជា​គេ​យំ !» ។ គេ​ប្រាប់​ថា « មហា​សេដ្ឋី​ស្លាប់» ។ អា​ទាំងពីរ​នាក់​គិត​គ្នា​ថា ឯង​ត្រូវ​ក្លែង​សំបុត្រ​មួយ​ច្បាប់​ទៅ​ប្រាប់​ថា សំបុត្រ​សេដ្ឋី​ឲ្យ​មក​យក​ទ្រព្យ​របស់ អញ​បន្លំ​លប​ចូល​ដេក​ក្នុង​មឈូស អំពី​លើ​ខ្មោច​សេដ្ឋី​ស្ដី​តប​នឹង​ឯង » ។ ហើយយ​ក៏​បន្លំ​ដេក​ដូច​គំនិត ។ អ្នក​នៅ​ជិត​មិន​បាន​ឃើញ មិន​បាន​ដឹង ត្បិត​ភ្នែក​ខំ​សម្លឹង​ប្រឹង​ឈ្ងោក​មើល​ក្រាំង​សូត្រ​ព្រះ​ធម្ម កូន​ចៅ​តូច​ធំ​រវល់​តែ​យំ​សោក ។ អា​ខូច​ដើរ​ទៅ​រក​ក្រដាស​បាន​ធ្វើ​សំបុត្រ​ក្លែង កាន់​ដើរ​ទៅ សម្ដែង​សូត្រ​ឲ្យ​គេ​ស្ដាប់ «សំបុត្រ​អំពី​មហា​សេដ្ឋី​ប្រាប់​ថា​ចៅ​ខូច​កម្សត់​តាំង​ពី​តូច​ជា​កូន​ធម៌ ឥឡូវ​អាពុក​ជរា​ហើយ កូន​អើយ ! ចូរ​ទៅ​យក​របស់​ទ្រព្យ​ទុក​ចាយ​ឲ្យ​សប្បាយ​ចិត្ត​ចុះ » ។ កូន​ចៅ​ប្រុស​ស្រី គេ​មិន​សុខ​ចិត្ត​ព្រោះ​ត្បិត​គ្មាន​ត្រា​ហត្ថ​លេខា​សេដ្ឋី ។ អា​ខូច​ឆ្លើយ​ថា «ខ្ញុំ​សូម​សន្យា​នឹង​អស់​កូន​ចៅ​អញ្ជើញ​ទៅ​ហៅ​​ទៅ​សួរ​លោក​ចុះ បើ​លោក​ស្ដី នុះ​ខ្ញុំ​ត្រង់​ពិត បើ​លោក​ស្ងៀម​នុះ​ខ្ញុំ​ក្លែង​បញ្ឆោត​ទេ» ។ កូន​សេដ្ឋី​ចូល​ភ្លាម​ទៅ​ស្រែក​ហៅ​ឪពុក ។ អា​ខិល​ឆ្លើយ​ថា «អើ» !។ កូន​សួរ​ថា «ឪពុក​បាន​ឲ្យ​សំបុត្រ​ទៅ​កូន​ធម៌​ មក​យក​របស់​មែន​ឬ » ។ អា​ខិល​ថា អើ ! កូន​អញ​ឈ្មោះ​ខូច វា​មក​ហើយ​ឬ ! » ។ កូន​ឆ្លើយ​ថា «ទាន​ប្រោស ! មក​ហើយ ។ អា​ខិល​ថា អើ ! មើល​យក​រទេះ​មួយ​ធំ ក្របី​មួយ​នឹម​ទឹម​រទេះ​នោះ ហើយ​យក​មាស ប្រាក់ កែវ កង សំពត់ អាវ វាល់​ផ្ទុក​ក្នុង​រទេះ​ឲ្យ​ល្មម​តែ​ក្របី​នោះ​អូស​រួច​បាន​ប៉ុន្មាន ឲ្យ​វា​យក​ទៅ​ចុះ » ។ កូន​ចៅ​ស្រី​ប្រុស ចាញ់​ឧបាយកល​អា​ខិល​អា​ខូច ក៏​ខឹង​ខ្មោច​សេដ្ឋី ស្លាប់​ហើយ​ចេះ​ស្ដី ហៅ​ពេញ​ជា​អស្ចារ្យ ឥឡូវ​នឹង​បើក​ក្ដារ​មើល​ឲ្យ​ច្បាស់ ចាស់ៗ​ហាម​ប្រាម​ថា មើល​មុខ​ខ្មោច​មិន​បាន ខ្លាច​ដេក​យប់​ទៅ​មមើ​មមាយ ម៉្លោះ​ហើយ​ក៏​ជឿ​ជាក់​យក​មាស​និង​ប្រាក់ សំពត់ អាវ សំលៀក​បំពាក់ និង​កន្ទេល ពូក ខ្នើយ ហើយ​ថែម តុ ថាស ចាន​ល្អ ៗ អំបិល​ប្រហុក ៤ ក្រឡ​អង្ករ ៥ ការុង ដាក់​ផ្លុង​ទៅ​ឲ្យ​អា​ខូច​អា​ខិល បង្វិល​រទេះ​យ៉ាង​ធំ ជជែក យំ ទឹក​ភ្នែក​ឲ្យ​ដឹង​ខឹង​ដោយ​បញ្ជោះ ទាំង​ស្រី​ទាំង​ប្រុស ហើយ​ក៏​ដឹក​ក្របី​មួយ​នឹម ទឹម​រទេះ​ប្រគល់​ឲ្យ​អា​ខូច​ទៅ ។ អា​នេះ​ត្រេកអរ​ឡើង​បរ​រទេះ​ចេញ​ទៅ អ្នក​ទាំងអស់​ដែល​នៅ​ចេះ​តែ​ជ្រួល មិន​ស្រួល​ព្រោះ​ត្បិត​ខឹង​និង​ស្ដាយ ។ អា​ខិល​លួច​មើល​នាយ​អាយ​លប​ចេញ​ប្រិច រត់​តាម​ទៅ​បន្តិច​ក៏​ទាន់​រទេះ ហើយ​និយាយ​គ្នា​ថា «យើង​បាន​ទ្រព្យ​របស់​តែ​ទាស់​ឃ្លាន​បាយ បើ​ឈប់​ដណ្ដាំ​បាយ នៅ​រៀង​អាយ ក្រែង​មិន​ស្ងាត់​ខ្លាច​ចោរ​តាម​មក​ស្ទាក់​ប្លន់​យក​ទ្រព្យ​មួយ​រទេះ, បើ​ដូច្នេះ​ឯង​ឈប់​ចាំ​អញ ៗ ទៅ​សុំ​បាយ​គេ​ស៊ី​ខ្លះ យក​ខ្លះ​មក​ឲ្យ​ឯង » ។ អា​មួយ​ព្រម​ហើយ អា​មួយ​ក៏​ដើរ​ទៅ​រក​ថ្នាំ​តាម​ផ្លូវ​យក​មក​នឹង​លាយ​បាយ ឲ្យ​ពុល​ស្លាប់​អន្តរាយ នឹង​យក​ទ្រព្យ​របស់​ទាំងអស់​តែ​ម្នាក់​ឯង ។ អា​មួយ​ដែល​នៅ​ចាំ​រទេះ ក៏​ធ្វើ​ខ្នារ​ដាក់​ស្ទាក់​ផ្លូវ​បម្រុង​ឲ្យ​ត្រូវ​អា​នោះ​ស្លាប់ នឹង​យក​ទ្រព្យ​តែ​ម្នាក់​ឯង​ដែរ ។ វេលា​នោះ​អា​មួយ​ទៅ​សុំ​បាយ​គេ​ស៊ី ៗ រួច​ហើយ​សុំ​មួយ​ចាន​ផ្ញើ​សំឡាញ់ គេ​មិន​កំណាញ់ ក៏​រក​ស្លឹក​ចេក​ខ្ចប់​ឲ្យ​មាន​ទាំង​ត្រី​អាំង​ផង ។ អា​នោះ​ក៏​លា​គេ​ដើរ​ចេញ​មក ហើយ​យក​ថ្នាំ​ប្រឡាក់​បាយ មក​ដល់​ខាង​អាយ ក៏​ត្រូវ​នឹង​ខ្នារ​នោះ​ស្លាប់ អា​មួយ​ដើរ​ប្រញាប់​ចាប់​បាយ​ស៊ី ទើប​នឹង​ស្កាំ​អាសិរពិស​ថ្នាំ ក៏​ពុល​ស្លាប់​បន្ទាប់​គ្នា ។ ឯ​ក្របី​នោះ ក៏​អូស​រទេះ​ចូល​ព្រៃ រតែក​រតោក​ទៅ​ជ្រក​ក្នុង​ទឹក​ត្រពាំង ប្រឆាំង​ដាច់​ខ្សែ​ទាម ដេក​ត្រាំ​ទឹក​ទៅ ។ ដល់​វេលា​ព្រឹក​មាន​បុរស​ម្នាក់ ដើរ​ទៅ​ឃើញ​ទ្រព្យ​របស់​ទាំងអស់ នៅ​ក្នុង​ព្រៃ​នឹក​ម្ដង​ភ័យ នឹក​ម្ដង​អរ​ថា ឯង​អ្នក​ក្រ មិន​ដែល​ប្រទះ​ទ្រព្យ​ច្រើន​ណាស់ ដូច្នេះ​បើ​លៃ​លក​យក​ទៅ​ជា​របស់​ខ្លួន ក្រែង​ពុំ​បាន​សុខ ក៏​រុញ​រទេះ​សម្រុក​ទៅ​ទុក​ក្នុង​ព្រៃ ចង​ក្របី​ជាប់ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ពិសោធន៍​មារយាទ​ប្រពន្ធ​ដោយ​គិត​ថា «បើ​ប្រពន្ធ​មារយាទ​ល្អ នឹង​យក​ទ្រព្យ​នោះ​ទៅ​ជា​របស់​ខ្លួន បើ​និយាយ​ទៅ​មិន​ចេះ​លាក់​នឹង​យក​របស់​ទាំងអស់​​ទៅ​ជូន​រាជការ​ផែនដី ជា​ប្រយោជន៍​ដើម្បី​ឲ្យ​តែ​សុខ​ខ្លួន» ។ គិត​ហើយ​ដើរ​ដល់​ផ្ទះ ក៏​កុហក​ប្រាប់​ប្រពន្ធ​ថា អញ​ជុះ​អាចម៍​មិញ មាន​សត្វ​ក្អែក​មួយ​ហើរ​ចេញ​អំពី​ក្ដិត តែ​ឯង​អាណិត​បិត​មាត់​ឲ្យ​ឈឹង កុំ​ឲ្យ​នរណា​គេ​ដឹង​មួយ​ជា​ពីរ តែ​ចូល​ត្រចៀក​គេ​វា​បែក​ការ​អាក្រក់​ណាស់ កើត​មាន​ជំនុំ​ជម្រះ សួរ​ទៅ​សួរ​មក ហើយ​គ្មាន​ទាំង​សាក្សី​បាន​ដឹង​នឹង​អាង ក្រែង​គេ​យក​អញ​ទៅ​ឆ្កាង ឬ​យក​ទៅ​ដាក់​គុក ប្រពន្ធ​មិន​លាក់​ទុក ក៏​ដើរ​ទៅ​ប្រាប់​គេ​ថា « មាន​ក្អែក​ហើរ​ចេញ​ពី​ក្ដិត​ប្ដី​អញ តែ​ឯង​កុំ​មាត់ » ។ មេ​មួយ​ទៀត​មិន​អត់​ទៅ ប្រាប់​គេ​ថែម​ទៀត ក្អែក ៥ ប្រាប់​លើស​មួយៗ​ត​គ្នា ដរាប​ដល់​ក្អែក​ដប់ ។ រឿង​នោះ​ក៏​ជ្រួតជ្រាប​ទៅ​ដល់​ព្រះ​មហាក្សត្រ ៗ ទ្រង់​ចាត់​ប្រើ​រាជ​អាមាត្យ ឲ្យ​ស្រាវជ្រាវ​រក​ដល់​បុរស​នោះ ៗ ក៏​ថ្វាយ​បង្គំ​គាល់ ស្ដេច​ទ្រង់​ឆ្ងល់ ត្រាស់​សួរ​ថា « មែន​ឬ​មិនមែន» ។ បុរស​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ កុហក​ប្រពន្ធ​ចង់​ដឹង​ចិត្ត​​ព្រោះ​ត្បិត​ឃើញ​​ទ្រព្យ​ច្រើន ។ បុរស​នោះ​រៀបរាប់​ក្រាប​ទូល​ដូច​ខាង​លើ ហើយ​ក្រាប​បង្គំ​លា​ទៅ​ទឹម​រទេះ​យក​ទ្រព្យ​មក​ថ្វាយ​ស្ដេច ៗ ទ្រង់​ព្រះរាជទាន​ឲ្យ​បុរស​នោះ​ពាក់​កណ្ដាល ពាក់​កណ្ដាល​ដាក់​ឃ្លាំង ។
ធ្វើ​ផ្ទះ កុំ​ដាក់​ជណ្ដើរ
លោះ​ខ្ញុំ​ប្រើ កុំ​ឲ្យ​បាយ​ស៊ី


Tuesday, January 16, 2018

រឿង ស្វា ខ្លា និង ទន្សាយ

មាន​សត្វ​ខ្លា​មួយ វា​ដាច់​សង្វែង ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ ខំ​ដើរ​ស្វែង​ណាស់ ៗ ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អកអូៗ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា « ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ មុខ​ជា​វា​ឃើញ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន។ ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ។ ឯ​សត្វ​អក​នោះ​កាលណា​ទំ​ហើយ ភ្នែក​វា​តែង​រំពៃ​មើល​ទៅ​បង្ហែ​ត្រី ក្រែង​មាន​ត្រី​បន្លៀក​ខ្លួន​ឡើង​នឹង​ចាប់ ។ យូរ​បន្តិច​មាន​ត្រី​មួយ​ផុស​ឡើង​ពី​ក្នុង​ទឹក , អក​ស្ទុះ​ទៅ​ចាប់​បាន​ត្រី​នោះ​ យក​មក​ធ្វើ​ជា​ចំណី​វា​ទៅ ។

ខ្លា​ឃើញ​អក​ធ្វើ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា «យើ ! អា​អក​នេះ​វា​អង្គុយ​តែ​ស្ងៀម​សោះ ស្រាប់​តែ​មាន​ត្រី​ហែល​ក្នុង​ត្រពាំង​នោះ វា​ស្ទុះ​ទៅ​ចាប់​បាន​មួយ​រំពេច​យក​មក​ក្រអែះ មិន​នឿយ​ហត់​ប៉ុន្មាន​សោះ មិន​ព្រួយ​ដូច​ជា​ខ្លួន​អញ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អា​នេះ​អង្គុយ​ធ្វើ​ច្រងុក ៗ​ ចាប់​បាន​ភ្លាមៗ ហើយ​វា​មិន​លំបាក​លប​លំបាក​ឱន​ក្រាប​ទៀត​ផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញ​ស្រួល​ជាង » ។ ខ្លា​គិត​ដូច្នោះ​ហើយ​ក៏​ដើរ​ទៅ​ទៀត ដើម្បី​ស្វែង​រក​បឹង ឬ​ត្រពាំង​ជា​ទី​ស្ងាត់​ ហើយ​ដែល​មាន​ត្រី​ច្រើន​នោះ ។ វា​ដើរ​ទៅ​ដល់​បឹង​មួយ​ជា​ទី​ស្ងាត់, នៅ​មាត់​បឹង​នោះ​មាន​ដើម​ឈើ​ធំ ៗ​ដុះ​ច្រូង​ច្រាង ដ៏​មាន​ម្លប់​ត្រឈៃ​ល្មម​វា​ពឹង​ពួន​ខ្លួន​វា​បាន ។ ពេល​នោះ​មាន​បុរស​ម្នាក់​នៅ​ចង​សន្ទូច​ក្នុង​បឹង​នោះ មុន​ខ្លា​ទៅ​ដល់ ។ ដោយ​ចង់​មើល​ឲ្យ​ឃើញ​សន្ទូច​ខ្លួន ដែល​រាយ​នៅ​ឯ​នាយ​ឆ្ងាយ​បាន​ស្រួល បុរស​នោះ​រាយ​សន្ទូច​ហើយ មិន​ឈរ​នៅ​នឹង​ដី​ទេ ទៅ​ឡើង​លើ​ដើម​ព្រឹក្សា​មួយ​ធំ​ខ្ពស់​នៅ​សម្ងំ​តែ​ម្នាក់​ឯង មិន​មាត់​ក​ឡើយ ។ ឯ​ខ្លា​នោះ កាល​បាន​ទៅ​ដល់​ហើយ​ក៏​ដើរ​ភ្លូក​ចុះ​ភ្លូក​ឡើង រក​ដើម​ឈើ​នឹង​ឡើង​ ធ្វើ​ដូច​ជា​សត្វ​អក ។ បុរស​ឮ​សូរ​មើល​ទៅ​ឃើញ​ខ្លា​កំពុង​តែ​ដើរ រួច​ទៅ​ឡើង​អង្គុយ​ជ្រហម ៗ​លើ​ចុង​ឈើ ហើយ​ធ្វើ​សំឡេង​ត្រាប់​តាម​សត្វ​អក​ថា « អកអូរៗ » គាត់​មិន​ហ៊ាន​មាត់​ថា​អ្វី​ទេ ចាំ​តែ​មើល​ហើយ​គិត​ថា « ខ្លា​នេះ​ វា​ឡើង​ចុង​ឈើ​នៅ​ក្នុង​បឹង​ដូច្នេះ​ តើ​វា​គិត​ធ្វើ​អ្វី​អេះ ? » យូរ​បន្តិច​មាន​ត្រី​ងើប​ឡើង​ស្រាប់​តែ​ខ្លា​នោះ ស្ទុះ​លោត​ប្រូង រួច​ផុស​ឡើង​វិញ​ឈ្លក់​ទឹក​ឮ​សូរ​ខក់ ៗ ។ បុរស​នោះ​ឃើញ​ហើយ​សើច រួច​ស្រែក​ថា « ស្លាប់​ទៅ ! អា​ខ្មោច​ ធ្វើ​អ្វី​ដូច្នោះ»។ ខ្លា​ឮ​មើល​ទៅ​ឃើញ​បុរស​នៅ​លើ​ចុង​ឈើ ក៏​មាន​សេចក្ដី​អៀន​ខ្មាស​ខ្លាំង​ណាស់ ស្ទើរ​នឹង​ស្លាប់​ខ្លួន ព្រោះ​មិន​ដែល​បង់​គំនិត​ដល់​ម្ល៉ឹង​សោះ រួច​ខ្លា​នឹក​ថា « ឥឡូវ​បុរស​នេះ​ឃើញ​អញ​តែ​ម្នាក់​ឯង បើ​គាត់​ទៅ​ដល់​ផ្ទះ​សម​គាត់​នឹង​និយាយ​ប្រាប់​គេ​ថែម​ទៀត គេ​នឹង​កាន់​តែ​ដឹង​ច្រើន​ឡើង កើត​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ណាស់ បើ​ដូច្នោះ​អញ​សូក​គាត់ កុំ​និយាយ​ប្រាប់​នរណា​ត​ទៅ​ទៀត​ឡើយ » ។ ខ្លា​បាន​និយាយ​អង្វរ​បុរស​នោះ ជា​ពាក្យ​ឱន​លំទោន​ថា « ឱ ! អ្នក​អើយ ! ខ្ញុំ​បាន​ជា​ចាប់​ត្រី​ធ្វើ​ដូច​ជា​សត្វ​អក​ទៅ វា​មិន​បាន​ឯ​ត្រី ទៅ​បាន​ឯ​លង់​ទឹក ស្ទើរ​នឹង​ស្លាប់ ខ្ញុំ​មាន​សេចក្ដី​ខ្មាស​អៀន​ច្រើន​ណាស់ បើ​ដូច្នោះ​សុំ​អ្នក​អាណិត​ខ្ញុំ កុំ​និយាយ​ទៅ​ណា​មក​ណា​ទៅ​ទៀត ខ្ញុំ​នឹង​តប​គុណ​ឧបការៈ​អ្នក» ។ បុរស​តប​វិញ​ថា « ខ្លា​ឯង​ឲ្យ​អ្វី​អញ »។ ខ្លា​ថា «ខ្ញុំ​សន្យា​រក​សត្វ មួយ​ព្រឹក​មួយៗ យក​មក​ជូន​អ្នក​នៅ​ទី​នេះ​រាល់​តែ​ថ្ងៃ» ។ បុរស​នោះ​ក៏​ព្រមព្រៀង​ទទួល​ពាក្យ​ខ្លា រួច​ហើយ​វិល​ទៅ​ផ្ទះ​អាត្មា​វិញ, លុះ​ព្រឹក​ឡើង មក​ទទួល​យក​សត្វ​អំពី​ខ្លា​នៅ​កន្លែង​សន្យា ។ ខ្លា​ក៏​ខាំ​សត្វ​យក​មក​ឲ្យ​បុរស​នោះ ជា​ប្រក្រតី​មិន​ហ៊ាន​ខាន ។ កាល​បើ​បុរស​នោះ​បាន​សត្វ​នាំ​យក​ទៅ​ផ្ទះ​អាត្មា ច្រើន​ថ្ងៃ​ពេក​ណាស់ នាង​ភរិយា​ឆ្ងល់ លុះ​វេលា​យប់​ក៏​សួរ​ដោយ​ស្ងាត់​ថា « អ្នក​ឯង​ធ្វើ​ដូចម្ដេច ក៏​បាន​សត្វ​រាល់​ថ្ងៃ​ម្ល៉េះ ? ម្ដង​សត្វ​នេះ​ម្ដង​សត្វ​នោះ ជ្រូក​ក៏​មាន ក្ដាន់​ក៏​មាន ឈ្លូស​ក៏​មាន » ។ ប្ដី​ថា « អញ​ដាក់​អន្ទាក់ » ។ ប្រពន្ធ​ថា « អន្ទាក់​អ្វី​ក៏​បាន មិន​ដែល​ខាន​ដូច្នេះ ? អ្នក​អើយ ! ប្អូន​ឲ្យ​ត្រង់​ទៅ​មើល » ។ បុរស​នោះ​ក៏​ភ្លេច​ពាក្យ​សន្យា​ដោយ​ស្មាន​ថា ខ្លា​កាល​ណា​វា​នឹង​មក ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុ​ពី​ដើម​ដល់​ចុង ។ ប្រពន្ធ​នោះ​ក៏​ជឿ ។ លុះ​ព្រឹក​ឡើង​បុរស​ទៅ​យក​សត្វ​អំពី​ខ្លា​ដូច​សព្វ​ដង លុះ​ទៅ​ដល់​ស្រាប់​តែ​ឃើញ​ខ្លា​អង្គុយ​ជ្រហម ៗ​ចាំ​នៅ​កន្លែង​នោះ ។ លុះ​បុរស​ដើរ​ទៅ​ដល់​ខ្លា​ប្រាប់​ថា « អើ ! បុរស​ឯង​មក​ហើយ​ អញ​នៅ​ចាំ​ទេ​តើ ! អញ​និង​ស៊ី​ឯង​ ត្បិត​កាល​និយាយ​គ្នា​មុន​នោះ អញ​ហាម​ថា កុំ​ឲ្យ​និយាយ​ប្រាប់​គេ​ត​ទៅ​ទៀត អញ​សូក​ឲ្យ​សត្វ​មួយៗ​រាល់​តែ​ថ្ងៃ, ឥឡូវ​ម្ដេច​ក៏​និយាយ​ប្រាប់​គេ ? »

បុរស​នោះ​ក៏​ភ័យ​ភ្នែក​ស្លោ ឥត​ប្រកែក​ថា​អ្វី​ទេ គ្រាន់​តែ​អង្វរ​ទៅ​ខ្លា​វិញ​ថា « បង​ខ្លា​ឯង ស៊ី​ក៏​ស៊ី​ចុះ ខ្ញុំ​មិន​ប្រកែក​ទេ បាន​ជា​និយាយ​ទៅ​ហើយ តែ​បើ​ម្ង៉ៃ​នឹង​ស្លាប់​រស់ ខ្ញុំ​សូម​ទៅ​ជួប​ប្រពន្ធ​សិន​នឹង​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ផង» ។ ខ្លា​ក៏​ព្រម​ថា « អើ​ ទៅ​ក៏​ទៅ​ចុះ តែ​ឲ្យ​ឆាប់​ត្រឡប់​មក​វិញ​អញ​ស្ដោះ​ទឹក​មាត់​ចាំ តែ​ស្ងួត​ទឹក​មាត់​អញ​តាម​ទៅ​ស៊ី​ទាំង​ប្ដី​ទាំង​ប្រពន្ធ, ទុក​ធ្វើ​អី មនុស្ស​និយាយ​មិន​ទៀង » ។ បុរស​នោះ​ក៏​នៅ​ទាំង​សោក​សៅ​ក្នុង​ចិត្ត ព្រោះ​តែ​មាត់​មិន​ជិត បាន​ជា​ខ្លា​វា​ស៊ី, ទៅ​ដល់​ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុ​នោះ​ ហើយ​ថា « ឥឡូវ​នៅ​មិន​បាន​ទេ ត្បិត​ខ្លា​វា​ចាំ​តែ​យូរ វា​នឹង​មក​ស៊ី​ទាំងអស់​គ្នា » ។ ប្រពន្ធ​ក៏​យំ​សោក​ស្រណោះ​គ្នា​ទៅ​វិញ​ទៅ​មក​ស្ដាយ​គំនិត ។ ប្ដី​ក៏​លា​ភរិយា​ចេញ​ចាក​គ្រឹះ​ស្ថាន ដើរ​មក​តាម​ផ្លូវ​យំ​បណ្ដើរ​ផង, ដល់​ពាក់​កណ្ដាល​ផ្លូវ​ ប្រទះ​នឹង​ទន្សាយ ៗ​សួរ​ថា « បុរស​ឯង​ដើរ​ទៅ​ណា​យំ​ផង​ដូច្នេះ មាន​ទោស​ទុក្ខ​ដូចម្ដេច ? ។ បុរស​នោះ​ ថ្លែង​ឲ្យ​ទន្សាយ​ស្ដាប់​សព្វ​គ្រប់​ប្រការ​តាម​ហេតុ​នោះ ។ ទន្សាយ​ឆ្លើយ​ថា " ឱ ! បើ​ដូច្នោះ​ ភ័យ​អ្វី​ បុរស​ឯង​ទៅ​រក​តែ​ចេក ១ ស្និត​មក ទៅ​ខ្លាច​អ្វី អា​ខ្លា​កំព្រើល​នោះ »។ បុរស​នោះ​ត្រេកអរ​ក៏​ម្នីម្នា​រត់​ទៅ​រក​បាន​ចេក​មួយ​ស្និត ហើយ​ជូន​ទៅ​លោក​សុភា​ទន្សាយ​ថា « ខ្ញុំ​ជូន​លោក ! សុំ​ឲ្យ​តែ​លោក​សុភា​ជួយ​ខ្ញុំ​ឲ្យ​រស់​ជីវិត​ផង​ចុះ តែ​បន្តិច ខ្លា​វា​តាម​មក​ស៊ី​ខ្ញុំ​ហើយ »។ សុភា​ទន្សាយ​ថា « អើ ! អ្នក​ឯង​ទៅ​ជាមួយ​នឹង​យើង ចាំ​មើល​ខ្លា​នោះ​ឲ្យ​ជាក់ » ។ រួច​សុភា​ទន្សាយ​រក​ដំបូក​មួយ​យ៉ាង​ខ្ពស់ ឡើង​ទៅ​អង្គុយ​លើ​ដំបូក​នោះ ដើម្បី​មើល​ទៅ​ឲ្យ​បាន​ឆ្ងាយ ។

ឯ​ខ្លា កាល​ចាំ​បុរស​នោះ​យូរ​ពេក ក៏​តាម​មក ប្រាថ្នា​នឹង​ខាំ​ស៊ី​ទាំង​ពីរ​នាក់ ព្រោះ​ខុស​សន្យា​គ្នា​ពីរ​លើក​ហើយ, វា​ដើរ​ម្នាក់​ឯង​តាម​ផ្លូវ រលេះ​រលាំង​មក​ដល់​ទៀប​ដំបូក ។ បុរស​នោះ​ឃើញ ក៏​ប្ដឹង​សុភា​ទន្សាយ​ថា « ហ្ន ! មក​ហើយ​លោក » ។ សុភា​ទន្សាយ​ប្រាប់​ថា« កុំ​មាត់ ! ចាំ​វា​មក​ជិត​សិន » ។ ខ្លា​ដើរ​មក​កាន់​តែ​ជិត សុភា​ទន្សាយ​ពម​ចេក​មួយ​ក្នុង​មាត់ ហើយ​ស្រែក​គ្រហែម​ឡើង​ថា «អ៊ែម ៗ​ស៊ី​ខ្លា ៥ មិន​ស្កាំ​ផ្ទៃ ស៊ី​ត្រប់ខារ​ប៉ុន​កូន​ដៃ ស្អា​ក​ស្ទើរ​បែក អ៊ែម ៗ» ។ ខ្លា​ឮ​សំឡេង​ធំ​ក្រអួន​ថា «ស៊ី​ខ្លា​៥ មិន​ស្កាំ​ផ្ទៃ» ក៏​ស្ទុះ​ថយ​ក្រោយ ។ សុភា​ទន្សាយ​គ្រហែម​ថែម​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ផ្ទួនៗ ។ ខ្លា​ស្ទុះ​រត់​លែង​ទាំង​មើល​ក្រោយ រត់​ឆ្ងាយ​ទៅ​ប្រទះ​ស្វា​មួយ​នៅ​លើ​ចុង​ឈើ ស្វា​ឃើញ​ខ្លា​រត់​ស្រែក​សួរ​ថា «បង​ខ្លា​ រត់​មាន​ការណ៍​អ្វី ។ ខ្លា​ឮ​ហើយ​ឈប់​ ឆ្លើយ​តប​ទៅ​វិញ «ទេ ! ទេ !វ៉ី អើយ ! អា​ណា​ក៏​ធំ​ម្ល៉េះ ស៊ី​ខ្លា​ដល់​ទៅ ៥ មិន​ឆ្អែត បាន​ជា​អញ​ភ័យ រត់​មក​ក្រែង​វា​ស៊ី»។ ស្វា​សួរ​ថា « បង​ឯង​ឃើញ​ដែរ​ឬ​អ្វី ? ។ ខ្លា​ថា « ទេ ! ឮ​តែ​មាត់ » ។ ស្វា​សួរ​ថា « មាត់​ត្រង់​ណា ? »ខ្លា​តប​ថា «នៅ​បៀត​ដំបូក​ឯ​ដើម​ពង្រ​នោះ​ណា» ។ ស្វា​ថា « ក្រែង​បង​សុភា​ទេ​ដឹង ? ចំណាំ​តែ​ឃើញ​នៅ​ត្រង់​ហ្នឹង » ។ ខ្លា​តប​ថា «មិន​មែន​ទេ សម្ដី​សុភា​ណា​ដូច្នោះ» ។ ស្វា​ថា «ទេ ! ប្រាកដ​ជា​សុភា​ហើយ , បើ​ដូច្នោះ​ទៅ​ម្ដង​ទៀត​មើល ខ្ញុំ​ជូន​ទៅ » ។ ខ្លា​មិន​ព្រម​ទៅ​ថា « ក្រែង​បង​ស្វា​ឯង​រត់​ចោល​អញ តែ​ឯង​ភ័យ​រត់​ឡើង​ចុង​ឈើ​ទៅ, នៅ​តែ​អញ​ម្នាក់​ឯង ស្លាប់​អញ​ហើយ » ។ ស្វា​និយាយ​ម្ដង​ទៀត​ថា បើ​បង​ឯង​ខ្លាច​ខ្ញុំ​រត់​ចោល យើង​ចង​កន្ទុយ​ភ្ជាប់​គ្នា​ខ្ញុំ​ឡើង​ទៅ​ចុង​ឈើ​ឯ​ណា​រួច បើ​បង​ជាប់​នឹង​ខ្ញុំ​ហើយ » ។ ខ្លា​ថា​អើ ! បើ​ដូច្នោះ​ទៅ​ក៏​ទៅ កុំ​រត់​ចោល​គ្នា​វ៉ី ! ។ ខ្លា​និង​ស្វា​ចង​កន្ទុយ​ជាប់​គ្នា​ហើយ ដើរ​តម្រង់​ទៅ​ដំបូក​នោះ ។ បុរស​នោះ​ឃើញ​ប្ដឹង​សុភា​ទន្សាយ​ទៀត​ថា « លោក​អើយ ! មក​ទៀត​ហើយ​ម្ដង​នេះ មាន​ស្វា​មក​ផង ខ្ញុំ​ខ្លាច​ណាស់​លោក! »សុភា​ទន្សាយ​ថា « កុំ​បារម្ភ​អ្វី ! នៅ​មាត់​ឲ្យ​ស្ងៀម​ ចាំ​វា​មក​ជិត​បន្តិច នឹង​មើល​វា»។ សុភា​ទន្សាយ ក៏​ប្រុង​បក​ចេក​មួយ​នឹង​ពម​ឲ្យ​មាំ ។ ដល់​មក​ជិត ស្វា​សួរ​ថា​ត្រង់​ណា​បង​ខ្លា ? ។ ខ្លា​ថា «ហ្ន​ ត្រង់​ហ្នឹង, ហ្ន ! មាត់​ស្រែក​ពី​ត្រង់​នោះ » ។ សុភា​ទន្សាយ​ពម​ចេក​នៅ​ក្នុង​មាត់​ស្រែក​ថា « យើ ! អា​ស្វា​ក្រញាំ ជំពាក់​បំណុល​អញ ៤ ៥ ឆ្នាំ ដឹក​អា​ខ្លា​សំគម​មួយ​ឲ្យ​អញ​ អ៊ែម ! មើល​មារយាទ​អា​ស្វា​នេះ ! » ។ ខ្លា​ឮ​ដូច្នោះ ក៏​ស្ទុះ​រត់​ភីង​ទៅ ស្វា​ឃាត់​ពុំ​ស្ដាប់ ហើយ​គិត​ក្នុង​ចិត្ត​ថា « យើ​អា​ស្វា​នេះ​ វា​នាំ​អញ​មក​ផាត់​បំណុល​ទេ​តើ ! » ។ ស្វា​ស្រែក​ថា « បង​ខ្លា ឈប់​សិន ៗ​ ខ្លា​ក៏​មិន​ព្រម ដោយ​ចូល​ចិត្ត​ថា ច្បាស់​ជា​ស្វា​យក​ខ្លួន​មក​ផាត់​ឲ្យ​គេ » ហើយ​រត់​ទៅ​ឆ្ងាយ ទាល់​តែ​ស្វា​នោះ​រណ្ដំ​នឹង​ឈើ នឹង​ដី ស្លាប់​ខ្លួន​ខូច​អសារ​ឥត​ការ ។
មាត់​មាន​គ្រប ដប​មាន​ឆ្នុក

រឿងអណ្តើក​ និង ស្វា


មាន​រឿង​និទាន​មួយ​ថា អណ្ដើក និង​ស្វា វា​សុំ​ធ្វើ​ដន្លង​គ្នា តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ គ្រាន់​តែ​និយាយ​ថា សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ ស្រឡាញ់​រាប់អាន​គ្នា ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ ដន្លង​ខាង​ស្វា​នោះ គេ​មាន​កូន​ត្រូវ​រៀប​ការ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា សន្មត​ថ្ងៃ​នឹង​ស៊ី​ការ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា « យើង​ការ​កូន​នេះ ហៅ​ភ្ញៀវ​អស់​ហើយ នៅ​តែ​អណ្ដើក​ជា​ដន្លង មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ បើ​ដូច្នោះ​ឲ្យ​បម្រើ​ទៅ​អញ្ជើញ​គាត់​ផង បំណាច់​យើង​រាប់អាន​គ្នា យូរ​ឆ្នាំ​ណាស់​មក​ហើយ » គិត​ហើយ​ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ អណ្ដើក​ក៏​ទៅ​ដល់​ដែរ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា « ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ នៅ​ឯ​ក្រោម​ដើម​ឈើ » ។ ដន្លង​ស្វា​ចុះ​មក ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ឡើង​មិន​រួច​នឹង​គេ មាន​តែ​ដន្លង​ឯង​ខាំ​វល្លិ​នេះ​ចុះ យើង​នឹង​ស្រាវ​ឡើង ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ ទោះ​បី​ឃើញ​អ្វី ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ ។ អណ្ដើក​ទទួល​បណ្ដាំ​ដន្លង​នោះ​សព្វ​គ្រប់​ហើយ ក៏​ទទួល​ខាំ​វល្លិ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន ក៏​ស្រាវ​វល្លិ​នោះ​ឡើង នាំ​អណ្ដើក​ទៅ​ឯ​ថ្នាក់​លើ ។

លុះ​ទៅ​ជិត​ដល់​កន្លែង ដែល​គេ​នឹង​ដាក់​នោះ ជួន​ជា​ដន្លង​ស្រី​ស្វា ឃើញ​អណ្ដើក ក៏​សួរ​ដោយ​រាប់អាន​ថា « ដន្លង ! សុខ​សប្បាយ​ទេ​ឬ ? » ។ អណ្ដើក​ភ្លេច​ពាក្យ​បណ្ដាំ ហា​មាត់​ស្ដី​ទៅ​នឹង​ដន្លង ក៏​របូត​មាត់ ធ្លាក់​ខ្លួន​ដល់​ដី​បែក​ស្នូក​ដូច​គេ​បោក​នឹង​ថ្ម ស្លាប់​នៅ​វេលា​នោះ ខាន​ស៊ី​ការ​នោះ​ទៅ ។
មាត់​អណ្ដើក


Monday, January 15, 2018

រឿងដង្កូវ និង ក្អែក


មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា « ពេល​នេះ​មាន​លាភ​បាន​ដង្កូវ​ស៊ី » ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ ចិត្ត​ឃោរឃៅ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ » ។ ដង្កូវ​សួរ​ក្អែក​ថា « មក​រក​អ្វី ? » ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា « អញ​មក​ស៊ី​ដង្កូវ​ឯង » ។ ដង្កូវ​ថា « លុះ​តែ​ក្អែក​ឯង រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ ស៊ី​អញ​មិន​បាន​ទេ » ។ ក្អែក​សួរ​ថា « ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ » ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖

១ - ដូចម្ដេច​ ដែល​គេ​ហៅ​ថា ផ្អែម​ជាង​គេ​បំផុត ? ២ - ដូចម្ដេច ដែល​គេ​ហៅ​ថា ជូរ​ចត់​ជាង​គេ​បំផុត ? ៣ - ដូចម្ដេច ដែល​គេ​ហៅ​ថា ស្អុយ​ជាង​គេ​បំផុត ? ៤ - ដូចម្ដេច ដែល​គេ​ហៅ​ថា ក្រអូប​ជាង​គេ​បំផុត ?

កាល​បើ​ក្អែក បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង ៤ បទ​នេះ​ហើយ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត ក៏​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លេង ដោយ​គិត​ថា «ប្រស្នា​ដង្កូវ​ទាំង ៤​បទ​នេះ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន» ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។

១ - ដែល​គេ​ហៅ​ថា​ផ្អែម​នោះ គឺ​មាន​ស្ករ និង​ឃ្មុំ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។ ២ - ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ, អម្ពិល, ម្ជូរ​សណ្ដាន់, ម្ជូរ​ក្រសាំង, និង​ទឹក​ខ្មេះ ។ ៣ - ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ គឺ​អាចម៍ និង​គំរង់​ខ្មោច​សត្វ​ទាំង​ពួង ។ ៤ - ដែល​គេ​ហៅ​ថា ក្រអូប​ជាង​គេ​នោះ គឺ​ផ្កា​រំដួល ផ្កា​ម្លិះ និង​ទឹក​អប់ ។ ៥ ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង ៤ បទ​នេះ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា « ក្អែក​ ដោះ​ប្រស្នា​នេះ មិន​ត្រូវ​ទេ » ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត និយាយ​ទៅ​ដង្កូវ​វិញ​ថា «បើ​ដង្កូវ​ឯង​ថា​ខុស សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង » ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា « ប្រាប់​បាន តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់ » ។ ក្អែក​ថា « ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ » ។ លុះ​បាន​ខ​សន្យា​ព្រមព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​តទៅ​នេះ :

១ - ដែល​គេ​ហៅ​ថា ផ្អែម​នោះ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ គឺ​ផ្អែម​ពាក្យ​សម្ដី ដែល​និយាយ​ទៅ​មក​រក​គ្នា ដោយ​ពាក្យ​ពីរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។ ២ - ដែល​គេ​ហៅ​ថា ជូរ​ចត់​នោះ មិន​មែន​ជូរ​ចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹក​ខ្មេះ​នោះ​ទេ គឺ​ពាក្យ​ផរុសវាទ ឃោរឃៅ ឥត​គួរ ឥត​សម ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង ។ ៣ - ដែល​គេ​ហៅ​ថា ស្អុយ​នោះ មិន​មែន​ស្អុយ​អាចម៍ ឬ​ស្អុយ​គំរង់​នោះ​ទេ គឺ​ស្អុយ​កេរ្តិ៍ ស្អុយ​ឈ្មោះ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា « ស្អុយ​ច្រាស​ខ្យល់»។ ៤ - ដែល​គេ​ហៅ​ថា ក្រអូប​នោះ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា ឬ​ទឹក​អប់​នោះ​ទេ គឺ​ក្រអូប​កេរ្តិ៍​ឈ្មោះ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា « ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង » ។ ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ ឈប់​ស៊ី​ដង្កូវ​ទៅ ។

តូច​មែន​ពិត ដូច​ពេជ្រ​ពណ្ណរាយ

រឿងចចក


កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វាតែងតែដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។ ដើរមួយស្របក់ វាបានទៅ​ដល់​ត្រពាំង​មួយដែល​រីង​ទឹក​អស់ នៅ​សល់តែ​ប្រឡង់​ភក់ ដែលមាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​យ៉ាងខ្លាំងដោយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នាគឺជា​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ។ កំពឹស​ឆ្លើយ​ថា «​បង​ចចក​ត្រូវយក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​ នោះ​ទើប​ឆ្ងាញ់​ពិសា» ។ ចចក​ថា «ធ្វើម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉ឹង។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ​ប៉ុន្តែ​ ​បង​ឯង​ត្រូវធ្វើ​តាម​ខ្ញុំ»។ ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​និយាយ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។ កំពឹស​ថា «ធ្វើ​ដូច្នេះ​ ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​ក៏លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំតូច មាន​ដំរី រមាស ​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ ដើម្បីបបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់។ វាបាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ ចំណែក​សត្វ​ឯ​ទៀត​ បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង ​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «ធ្វើ​ដូចម្ដេច​ទើប​ឲ្យ​សត្វ​ទាំងអស់​នេះ​ឈប់​បាច​ទឹក​កាល​នោះ ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា និងចេះ​ជួយដោះ​ទុក្ខ​មនុស្ស​សត្វ​ផង បើ​ដូច្នេះ ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ចេញទៅ ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់។ ដល់​ពេលយប់ ​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា «បង​សុភា​ទន្សាយ សូម​​អាណិត​ខ្ញុំ​ ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មកឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ដោយ​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញាចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​​ណា​កើត​ទុក្ខ ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន។ ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​ នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​។ បើ​ដូច្នេះ សូមបង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ បងនឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ រួចអស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ ឲ្យ​រួចទុក្ខ ​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ​លុះ​ព្រឹក​ព្រហាម​ ទន្សាយឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា «នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។ អស់​សត្វ​ឮ​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ ​ភ័យ​ណាស់​​ ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ រួចស្ទុះ​បោល​ទៅ​ជាន់​លើទំនប់​ពស់​ថ្លាន់​ ​ ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់។ សត្វ​ទាំងនោះ​ក៏ក្លាយ​ទៅ​ជា​ចំណី​ត្រី​វិញ។ តាំង​ពី​ថ្ងៃ​នោះ​មក​​ អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ​កន្លង ស្លាប់​ផង រស់​ផង ពីព្រោះ​អណ្ដាត